|
ការកាត់បន្ថយការបាត់បងស្រូវ
អង្ករ ក្រោយពេលប្រមូលផល
|
![]()
ការកាត់បន្ថយការបាត់បង់ស្រូវអង្ករ ក្រោយពេលច្រូតកាត់
សេចក្ដីផ្ដើម
ដោយខ្វះចំណេះដឹងនិងពុំសូវប្រុងប្រយ័ត្នក្នុងការប្រមូល
និងគ្រប់គ្រងធ្វើឱ្យកសិករកម្ពុជាភាគច្រើនជួបប្រទះនូវការបាត់បង់ផលស្រូវទាំងបរិមាណ
និងគុណភាព ។ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)បានរកឃើញថាចាប់ពីច្រូតកាត់រហូតដល់កិនជាអង្ករមានការបាត់បង់បរិមាណស្រូវប្រមាណជា
១២%។ជាងនោះទៅទៀតវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្ដរជាតិ
(IRRI)បានរកឃើញថាការធ្វេសប្រហែសក្នុងការគ្រប់គ្រងផលិតផលនេះអាចបណ្ដាលឱ្យកសិករខាតបង់រហូតដល់
៥០% នៃតម្លៃស្រូវសរុបដែលគាត់គួរទទួលបាន
។
ផ្អែកទៅលើព័ត៌មាននេះនាយកដ្ឋានផ្សព្វផ្សាយកសិកម្មនៃក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ ដោយមានកិច្ចសហការបច្ចេកទេសពីគម្រោង “ការបង្កើន
ជីវភាពកសិករក្រីក្រតាមរយៈការធ្វើឱ្យកាន់តែប្រសើរនូវការគ្រប់គ្រងស្រូវបន្ទាប់
ពីច្រូតកាត់បានរៀបចំចងក្រងនូវឯកសារបច្ចេកទេសនេះសម្រាប់ជាជំនួយដល់មន្ដ្រី
និងភ្នាក់ងារផ្សព្វផ្សាយក្នុងការបណ្ដុះបណ្ដាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម
ដល់កសិករក្នុងន័យរួមចំណែកកាត់បន្ថយនូវការបាត់បង់ស្រូវក៏ដូចជាកាត់បន្ថយនូវភាពក្រីក្រនៅជនបទផងដែរ
។
ដោយការទទួលបាននូវស្រូវអង្ករច្រើនហើយប្រកបទៅដោយគុណភាព
មានជាប់ទាក់ទងជាមួយកត្ដាជាច្រើនឯកសារនេះបានរៀបរាប់អំពីបច្ចេកទេសសមស្របនានាចាប់ពីការដាំដុះរហូតដល់កិនជាអង្ករ
។
I. ការដាំដុះ
និងគ្រប់គ្រងស្រូវអោយបានទិន្នផលខ្ពស់ និងមានគុណភាពល្អ
![]()
១. ភ្ជួររាស់ដីឱ្យសព្វ
និងស្មើដើម្បីឱ្យស្រូវលូតលាស់ និងទុំដំណាលៗគ្នាហើយគ្រាប់មាន ទំហំ
និងសំណើមប្រហាក់ប្រហែលគ្នា ។
២. ជ្រើសរើសពេលវេលា និងអត្រាដាំដុះឱ្យសមស្រប ។
៣. ជ្រើសរើសកម្រិតដាំដុះឱ្យសមស្រប
ព្រោះបើដើមស្រូវដុះញឹកពេកធ្វើឱ្យវាពុំសូវមាំ(ងាយដួលរលំ) ហើយផ្ដល់គ្រាប់តូចៗឬស្ដើងៗ។ផ្ទុយទៅវិញ
បើដើមរង្វើលពេកធ្វើឱ្យមានដុះស្មៅចង្រៃច្រើន ឬ មានការបែកគុម្ពខ្លាំង ធ្វើឱ្យគ្រាប់ស្រូវក្នុងគុម្ព
ឬក្នុងកួរតែមួយមិនអាចទុំបានដំណាលៗគ្នា ។
៤. ដាក់ជីឱ្យស្មើ
និងក្នុងពេលសមស្របដើម្បីធ្វើឱ្យដើមស្រូវលូតលាស់ និងបែកគុម្ពស្មើៗគ្នា ។
៥. រក្សាឱ្យមានទឹកដក់ក្នុងស្រែស្មើៗជាប្រចាំ
និងបង្ហូរចេញមុនពេល ច្រូតកាត់ ។
៦. ពិនិត្យមើលដំណាំស្រូវជាប្រចាំហើយត្រូវកំចាត់ជម្ងឺ
ឬសត្វល្អិតពីព្រោះវាអាចធ្វើឱ្យ គ្រាប់ស្រូវខូចរូបរាង ឬ មានចំណុចអុចខ្មៅៗ។
ដង្កូវរូងដើមធ្វើឱ្យស្រូវស្កក ឬ មិនដាក់គ្រាប់ពេញ ។
៧. កុំឱ្យមានស្មៅចង្រៃដុះក្នុងស្រែ
ព្រោះវាដណ្ដើមជីជាតិ និង ពន្លឺព្រះអាទិត្យ ធ្វើឱ្យស្រូវដុះលូតលាស់ខ្សោយ ហើយគ្រាប់មានទំហំតូច
។ មួយវិញទៀតគ្រាប់ស្មៅទាំងនោះនឹងលាយឡំជាមួយគ្រាប់ស្រូវ ។
៨. ប្រមូលផលនៅពេលស្រូវទុំសមស្រប
ហើយបោកបែនសម្អាត និងសម្ងួត ឱ្យឆាប់ និង ត្រឹមត្រូវ ។
៩. ទុកដាក់ឱ្យគត់មត់ និងត្រឹមត្រូវ ។
គ្រាប់ស្រូវដែលយកទៅទុកដាក់ត្រូវតែមានសភាពស្អាត និង ស្ងួតគ្រប់គ្រាន់ហើយត្រូវការពារវាកុំឱ្យរងការ
បំផ្លាញពីសត្វល្អិត សត្វស្លាប កណ្ដុរ ជម្ងឺផ្សិត និង ការឡើងចុះសំណើម ។
ក្រមង៉ុយ
៖ “កត្ដិកធ្លាក់ខ្យល់
តំកល់ទឹកនៅ បើចង់បានស្រូវ ស្រេចនៅត្រឹមថែ ”
![]()
II. ការច្រូតស្រូវ
គោលបំណងនៃការច្រូតស្រូវគឺដើម្បីៈ
- ទទួលបានគ្រាប់ស្រូវច្រើន និង
- ទទួលបានគ្រាប់ស្រូវមានគុណភាពល្អ
ក្រៅពីត្រូវដឹងនូវអាយុកាលរបស់វា
យើងអាចច្រូតស្រូវ បានៈ
២
ចាប់ពី២៨ ទៅ ៣៥ថ្ងៃ សម្រាប់ស្រូវប្រាំង និងចាប់ពី ៣២ ទៅ៣៨
ថ្ងៃសម្រាប់ស្រូវវស្សាបន្ទាប់ពីវាចេញផ្កាបាន ៥០%
- កាលណាមានគ្រាប់ពី
៨០ ទៅ ៨៥%
មានពណ៌ដូចចំបើង
(លឿងទុំ)។
- កាលណាគ្រាប់មានសភាពរឹង
តែមិនស្រួយនៅពេលខាំ ។
- កាលណាគ្រាប់មានអត្រាសំណើមពី
២០ ទៅ ២៥%
។
បើក្រច្រូត
គ្រាប់ស្រូវនឹងស្ងួតជ្រុល ឬ ទុំញោសហើយជ្រុះខ្ចាត់ខ្ចាយច្រើន
ព្រមទាំងធ្វើឱ្យវាងាយប្រេះស្រាំនៅពេលបោកបែន ហើយបាក់ខ្ទេចនៅពេល កិនជាអង្ករ ។
តែបើឆាប់ច្រូតពេកគ្រាប់ស្រូវជាច្រើននឹងនៅស្ទើរ ហើយធ្វើឱ្យពិបាកបោកបែន ។
គ្រាប់ស្រូវដែលនៅស្ទើរមានភាពស្ដើង ហើយមានសាច់ខាងក្នុងផុសៗដូចដីស
ធ្វើឱ្យមានកន្ទក់ និងចុងអង្ករច្រើននៅពេលកិនជាអង្ករ ។
![]()
ការពិនិត្យមើលគ្រាប់ស្រូវក្នុងគួរ
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់
និងនេសាទ
ពិនិត្យមើលស្រូវក្នុងស្រែរួម
អ្វីដែលគួរធ្វើ ?
២
គួរបង្ហូរទឹកចេញពីក្នុងស្រែពី ៧ ទៅ ១០ ថ្ងៃ នៅមុនពេលច្រូត ឬ នៅ
ពេលដែលគ្រាប់ស្រូវនៅចុងកួរភាគច្រើនដាក់ម្សៅ ហើយឡើងរឹង ឬ ប្រែពណ៌ពី បៃតងទៅលឿង។
- គួរលៃលកបោកបែនភ្លាម
ឬឱ្យឆាប់តាមដែលអាចធ្វើបានបន្ទាប់ពីច្រូតរួច ដើម្បីកុំឱ្យគ្រាប់ស្រូវឡើងសំណើមវិញ
ដែលនាំឱ្យវាងាយបាក់ខ្ទេច។ការខកខានមិនបានហាលសម្ងួតគ្រាប់ស្រូវឱ្យបានឆាប់
ធ្វើឱ្យគ្រាប់អង្ករឡើងពណ៌ លឿង ។
- ប្រសិនបើគ្រាប់ស្រូវមានភាពទទឹកដោយទឹកសន្សើម
ឬ ទឹកភ្លៀង គួររង់ ចាំឱ្យវាស្ងួត ឬ ស្រស់ទឹកសិន សឹមច្រូត ។
- នៅពេលដាក់កណ្ដាប់រាយក្នុងស្រែ
គួរធ្វើឱ្យកួរស្រូវស្ងួត ដោយដាក់វា ឱ្យខ្ពស់ផុតពីទឹក ឬ ដីសើម ។
III. ការបោកបែនស្រូវ
អាស្រ័យទៅតាមទម្លាប់
និងលទ្ធភាព យើងអាចបោកបែនស្រូវតាមវិធី ផ្សេងៗដូចក្នុងរូបភាពខាងក្រោម៖
![]()
ទោះជាបោកបែនដោយវិធីណាក៏ដោយយើងត្រូវតែប្រយត្ន័ដើម្បីចៀសវាងការធ្វើឱ្យបែក
ឬរលាត់សម្បកស្រូវ (អង្កាម)និងប្រេះ ឬស្រាំគ្រាប់អង្ករខាងក្នុង
- កាលណាសម្បកស្រូវបែក ឬ រលាត់វាងាយរងការបំផ្លាញពីសំណើមការកើតផ្សិត
និងសត្វល្អិត ។
- កាលណាគ្រាប់អង្ករខាងក្នុងមានភាពប្រេះ ឬ
ស្រាំវាងាយនឹងបាក់ខ្ទេចនៅពេលកិន
ការបោកបែនតាមវិធីបុរាណ ឬ ប្រពៃណី
គឺជាវិធីដ៏ល្អ ប៉ុន្ដែវាទាមទារ ឱ្យចំណាយពលកម្ម និងពេលវេលាច្រើន ។
ប្រសិនបើយើងបោកបែនដោយម៉ាស៊ីនៈ
- គ្រាប់ស្រូវគួរមានអត្រាសំណើម ពី ២០ ទៅ ២៥% ។ ស្រូវសើមជាងនេះ ធ្វើឱ្យពិបាកបោក ឬ
ប្រឡេះគ្រាប់ពីចំបើងមិនអស់ តែបើស្ងួតជាងនេះធ្វើឱ្យងាយប្រេះស្រាំគ្រាប់ ។
- គួរប្រយ័ត្នកុំឱ្យត្បាល់ម៉ាស៊ីនបោកវិលលឿនពេក
(លឿនជាង ៦០០ជុំក្នុង
មួយនាទី ឬ ចុងធ្មេញត្បាល់លឿនជាង ១២ ម៉ែត្រ ក្នុងមួយវិនាទី) ។កាលណាវាវិលយឺតពេកធ្វើឱ្យបយឺតឬ
ប្រឡេះគ្រាប់ពីចំបើងមិនអស់តែបើវាវិលលឿនពេក
ធ្វើឱ្យគ្រាប់ស្រូវរងកម្លាំងវាយផ្ទប់ខ្លាំងហើយងាយបែកឬ រលាត់សម្បក
និងប្រេះស្រាំអង្ករ ។
ចំណាំៈ
- ការខកខានមិនបានបោកបែនស្រូវ និងហាលសម្ងួតឱ្យបានឆាប់បន្ទាប់ពីច្រូតរួចអាចធ្វើឱ្យគ្រាប់អង្ករឡើងពណ៌ស្រអាប់
លឿង ឬខ្មៅ ឬរលួយខូច តែម្ដង ។
- ការប្រមូល និង
ដឹកជញ្ជូនកណ្ដាប់ស្រូវទៅកាន់ទីលានបោកបែនត្រូវតែធ្វើដោយប្រុងប្រយត្ន័
ព្រោះវាអាចធ្វើឱ្យជ្រុះខ្ចាត់ខ្ចាយច្រើន ។
IV. វិធីទុកដាក់ និង ការពារស្រូវ
![]()
បន្ទាប់ពីច្រូតកាត់
និង បោកបែនហើយ យើងត្រូវតែទុកដាក់ស្រូវឱ្យមានសុវត្ថិភាពដើម្បី ជាស្បៀងអាហារ ឬ
ជាគ្រាប់ពូជ ទម្រាំតែដល់ ពេលប្រមូលផល ឬ ដាំដុះជាថ្មី ។
យើងអាចៈ
![]()
យើងអាចទប់ស្កាត់មិនឱ្យខ្មូតបំផ្លាញស្រូវយើងដោយៈ
១. ហាលស្រូវឱ្យស្ងួត (អត្រាសំណើម ១៤% ឬ ទាបជាងនេះតិចតួច និង
សម្អាតវាឱ្យស្អាតកុំឱ្យមានសណ្ដី និង កំទេចកំទី មុននឹងយកទៅទុកដាក់។
២. ចៀសវាងកុំទុកស្រូវចាស់ជាមួយស្រូវថ្មី។
៣. ប្រើប្រាស់តែសម្បកបាវស្ងួត និង ស្អាត ។
៤. ចង ឬ ដេរភ្ជិតមាត់បាវឱ្យជាប់ ។
៥. សម្អាតកន្លែងទុកដាក់ឱ្យស្អាតជាប្រចាំ ។
ការសម្អាត ឬការធ្វើឱ្យមានអនាម័យនៅក្នុងនិងជុំវិញកន្លែងទុកដាក់ស្រូវជាកិច្ចការសាមញ្ញមានតម្លៃថោក
តែមានប្រសិទ្ធភាពខ្ពស់។
![]()
មូលហេតុសំខាន់ៗដែលធ្វើឱ្យគ្រាប់
ស្រូវថយចុះគុណភាពក្នុងពេលទុកដាក់មានៈ
១. ហាលសម្ងួតមិនគ្រប់គ្រាន់ និងមិនត្រឹមត្រូវ ។
២. សម្អាតមិនបានស្អាត ។
៣. ខ្យល់ពុំអាចឆ្លងកាត់បានធ្វើអោយគ្រាប់ស្រូវឡើងកម្ដៅជ្រុល
និងឡើង សំណើមវិញ ។
៤. សត្វល្អិត និង ផ្សិតយាយីបំផ្លាញ ។
មានមូលហេតុជាច្រើនដែលធ្វើឱ្យបាត់ស្រូវក្នុងពេលទុកដាក់ៈ
![]()
ចំណាំៈ
- គួរកុំសង់ជង្រុកនៅជិតកន្លែងដែលកខ្វក់
មានដក់ទឹក ឬ ដែលអាចមានប្រភពរាតត្បាតកត្ដាចង្រៃច្រើន ។
- ដើម្បីកុំឱ្យស្រូវសើម
និងឡើងកម្ដៅ ជង្រុកត្រូវតែមានដំបូល និង ជញ្ជាំងត្រឹមត្រូវ
ប៉ុន្ដែមានខ្យល់បក់ឆ្លងកាត់ ។
- គួរការពារកុំឱ្យស្រូវ
ឬ បរិយាកាសនៅកន្លែងទុកដាក់ក្ដៅខ្លាំងពេក ។
- នៅរដូវវស្សា
សំណើមស្រូវដែលទុកដាក់ក្នុងបាវក្រចៅ ឬពាងធ្វើពីដីឥដ្ឋអាចនឹងកើនឡើង ។
![]()
ខ្យល់អាចឆ្លងកាត់ ហើយអាចពិនិត្យមើលបានស្រួល
ធុង ឬបរិក្ខាជិតអាចមានទំរង់ និងទំហំផ្សេងៗ
![]() ![]()
បញ្ហាជាចំបងធ្វើអោយបាត់បង់ស្រូវគឺ ការធ្វេសប្រហែសរបស់យើង
ការទុកដាក់ស្រូវនៅក្នុង បរិក្ខារបិតជិត ឬ
ធុង (សូមមើល រូបភាព )ធ្វើឱ្យយើងទទួលបានអង្ករល្អនៅពេលកិន
និងមានកម្រិតកម្ទេចចុងនៃអង្ករទាប ។
បើយើងទុកគ្រាប់ពូជស្រូវវិញអាចរក្សាគ្រាប់ឱ្យមានដំណុះល្អ ។
ដោយសារបរិក្ខារបិតជិតនេះអាចទប់ស្កាត់បានល្អជាមួយនឹងការជ្រៀតចូលនៃសត្វល្អិតបំផ្លាញគ្រាប់ស្រូវ
និងការជ្រៀតចូលនៃខ្យល់ដែលបណ្ដាលឱ្យប្រែប្រួលសំណើមគ្រាប់ស្រូវធ្វើឱ្យខូចគុណភាព
។
- ចាំបាច់ត្រូវត្រួតពិនិត្យរាល់បរិក្ខារបិតជិតទាំងនោះកុំឱ្យមានប្រេះបែក
ធ្លុះធ្លាយរហែកមុនពេលយើងយកវាទៅប្រើប្រាស់ ។ហើយស្រូវត្រូវហាលសំងួត
ឱ្យស្ងួតល្អសិនមុនពេលទុកដាក់។ ម្យ៉ាងទៀតបរិក្ខារទុកដាក់ទាំងនោះត្រូវតែប្រុងប្រយ័ត្នដោយដាក់វានៅក្នុងម្លប់
ដើមី្បរក្សាឱ្យសីតុណ្ហភាពខាងក្នុងបរិក្ខារមានសភាពថេរ
ជាពិសេសបរិក្ខារទុកដាក់ធ្វើពីលោហធាតុ ឬ ប្លាស់ស្ទីក ដូចជាធុងសាំង ធុងជ័រ ធុង
ឬបរិក្ខារបិទជិតអាចមានទម្រង់ និងទំហំផ្សេងៗនិងស្បោងប្លាស់ស្ទីក ។
V. វិធីកិនបានអង្ករមានគុណភាពខ្ពស់
ដើម្បីទទួលបានអង្ករដែលមានគុណភាពខ្ពស់ៈ
១. ស្រូវដែលយកទៅកិនត្រូវមានគុណភាពខ្ពស់
ស្ងួតត្រឹមត្រូវ និងគ្មានសម្រាម ។
២. ម៉ាស៊ីនកិនស្រូវត្រូវបានសម្អាត និង
ថែរក្សាត្រឹមត្រូវជាប្រចាំ ។
៣. អ្នកបញ្ជាម៉ាស៊ីនមានជំនាញ និង ប៉ិនប្រសប់ ។
បើខ្វះតែចំណុចណាមួយខាងលើ
អង្ករដែលកិនបានអាចមានកម្រិតទាប និង មានគុណភាពអន់ ។ឧទាហរណ៍ៈ
ស្រូវដែលអន់គុណភាពនឹងធ្វើឱ្យអង្ករខ្ទេច និង ក្លាយជាកន្ទក់ច្រើន
ហើយមានគុណភាពអន់ទៅតាមនោះ ទោះបីជាម៉ាស៊ីនកិន ស្រូវមានភាពទំនើបបែបណាក៏ដោយ ។
ដូចគ្នាដែរ ទោះបីជាស្រូវមានគុណភាពល្អ ហើយអ្នកបញ្ជាម៉ាស៊ីនមានជំនាញ
និងមានភាពប៉ិនប្រសប់បែបណាក៏ដោយ ក៏អង្ករ
នៅតែកិនបានតិចហើយអន់គុណភាពដដែលប្រសិនបើម៉ាស៊ីនកិនស្រូវមិនត្រូវបាន
ថែរក្សាឱ្យត្រឹមត្រូវជាប្រចាំ ។
![]()
ស្រូវដែលមានគុណភាពខ្ពស់
គឺជាស្រូវដែលមានភាពទុំ និង មានការដាក់គ្រាប់ស្មើៗគ្នាមានទំហំ
និងរូបរាងគ្រាប់ប្រហាក់ប្រហែលគ្នា ពុំមានភាពប្រេះស្រាំ ពុំមាន លាយឡំទៅដោយក្រួស ឬ
សម្រាមផ្សេងៗ ពុំត្រូវបានបំផ្លាញដោយសត្វល្អិត និង ជម្ងឺផ្សិត
ហើយមានភាពស្ងួតត្រឹមត្រូវ។
ចំណាំៈ
- ជាមធ្យមការកិនស្រូវធ្វើឱ្យបានអង្កាម ២០% កន្ទក់ ១០% និងអង្ករសម្រិត ៧០% ។នៅក្នុងអង្ករសម្រិតតែងមានអង្ករដើម និង
ចុងអង្ករ ។
- ស្រូវមានគុណភាពអន់ ម៉ាស៊ីនមិនល្អ និង
អ្នកបញ្ជាម៉ាស៊ីនមិនមានសមត្ថភាពគ្រប់គ្រាន់អាចធ្វើឱ្យយើងបាត់អង្ករអស់ពី ៣
ទៅ ១០% ។
ការកិនមិនត្រឹមត្រូវអាចធ្វើឱ្យៈ
- ស្រូវចេញទៅជាមួយអង្កាម
- មានអង្កាមលាយឡំជាមួយអង្ករសម្រូប
- មានចុងអង្ករលាយឡំជាមួយកន្ទក់
- មានកន្ទក់ច្រើន
និង
- អង្ករមិនសូវស្អាត
។
ករណីមានចម្ងល់
ឬចង់ដឹងពត៌មានពាក់ពន្ឋបច្ចេកទេសក្រោយប្រមូលផល
សូមទំនាក់ទំនង លោកបណ្ឌិត មាស ពិសិដ្ឋ តាមរយៈ
H/P: 012 759 440
Email: pmeas@online.com.kh
រៀបរៀងដោយ នាយកដ្ឆានផ្សព្វផ្សាយកសិកម្ម
|
Home
ការកាត់បន្ថយការបាត់បងស្រូវ អង្ករ ក្រោយពេលប្រមូលផល
ការកាត់បន្ថយការបាត់បងស្រូវ អង្ករ ក្រោយពេលប្រមូលផល
Subscribe to:
Post Comments
(
Atom
)














0 comments:
Post a Comment